ជំពូក ១០

1 ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់ ខ្ញុំ​នឹង​ត្អូញ‌ត្អែររបស់​ខ្ញុំ​ ដោយ​ពាក្យជូរល្វីង ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។ 2 ខ្ញុំ​នឹង​ទូល​ព្រះ‌ជាម្ចាស់​ថា សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង​ថា ​ព្រះអង្គ​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ទូលបង្គំ។ 3 តើ​មាន ប្រយោជន៍​អ្វី បាន​ជា​ព្រះអង្គ​សង្កត់‌សង្កិន​ទូលបង្គំ ហើយ​បោះ​បង់​ចោល​ស្នា​ព្រះ‌ហស្ថរបស់​ព្រះអង្គ រួច​បែរ​ជា​ជួយ​ជ្រោម‌ជ្រែង​ផែន​ការ របស់​មនុស្ស​អាក្រក់​ទៅ​វិញ? 4 តើ​ព្រះអង្គ​មាន​ព្រះ‌នេត្រ ហើយ​ទត​មើល តាម​របៀប​ដូច​មនុស្ស​លោក​ដែរ​ឬ? 5 តើ​ចំនួន​ថ្ងៃ​របស់​ព្រះអង្គ​ដូច​ចំនួន​ថ្ងៃ របស់​មនុស្ស​លោក ហើយ​ចំនួន​ឆ្នាំ​របស់​ព្រះអង្គ 6 ក៏​ដូច​ជា​ចំនួន​ឆ្នាំ របស់​មនុស្ស​លោក​ដែរ​ឬ​ បាន​ជា​ព្រះអង្គ​ស្វែង​រក​កំហុស​របស់​ទូលបង្គំ ហើយ​រុក‌រក​អំពើ​បាប​របស់​ទូលបង្គំ​ដូច្នេះ? 7 ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​គ្មាន​កំហុស​អ្វី​ទេ ហើយ​ក៏​គ្មាន​នរណា​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុតបាន? 8 ព្រះហស្ថទាំងពីរព្រះអង្គបានក្របជុំវិញទូលបង្គំជានិច្ច ក៏ប៉ុន្តែ ព្រះអង្គបែរជាវាយឲ្យទូលបង្គំវិនាសវិញ។ 9 ទូលបង្គំសូមអង្វរព្រះអង្គ ដែលព្រះអង្គបានសូនឆ្នៃទូលបង្គដូចដីឥត្ឋ តើព្រះអង្គនឹងឲ្យទូលបង្គទៅជាដីវិញឬ? 10 តើ​ព្រះ‌អង្គ​មិន​បាន​ចាក់​ទូល‌បង្គំ​ចេញ​ដូច​ជា​ទឹក​ដោះ ហើយ​ឲ្យ​ទូល‌បង្គំ​កក​ខន់ ដូច​ជា​ផែន​ទឹក​ដោះ​ទេ​ឬ? 11 ព្រះអង្គ​បំពាក់​ស្បែក និង​សាច់ ពាស‌ពេញ​រូប​កាយ​ទូលបង្គំ ព្រះអង្គ​បង្កើត​ឆ្អឹង និង​សរសៃ​ឲ្យ​ទូលបង្គំ។ 12 ព្រះអង្គ​ប្រទាន​ជីវិត និង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​ទូលបង្គំ ព្រះអង្គ​ថែ‌រក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។ 13 ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗ ដែល​ព្រះអង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ។ 14 បើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប ព្រះនឹងចំណាំទុក ហើយ​ព្រះអង្គ​មិន​ព្រម​លើក‌លែង​ទោស ឲ្យ​ទូលបង្គំ​ទាល់​ទេ។ 15 ប្រសិន​បើ​ទូលបង្គំ​មនុស្សអាក្រក់ នោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន ប្រសិន​បើ​ទូលបង្គំ​សុចរិត នោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ ទូលបង្គំ​ត្រូវ​អាម៉ាស់ ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។ 16 ប្រសិន​បើ​ទូលបង្គំ​ហ៊ាន​ងើប​មុខ ព្រះអង្គ​នឹង​ដេញ​តាម​ទូលបង្គំ​ដូច​សត្វ​សិង្ហ ព្រះអង្គ​នឹង​សម្តែង​ការ​អស្ចារ្យ​មកលើទូលបង្គំ។ 17 ព្រះអង្គ​មាន​មូល​ហេតុ​ថ្មីៗ មក​ចោទ​ប្រកាន់​ទូលបង្គំ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ ព្រះអង្គ​នឹងវាយទូលបង្គំជាពលទេវតារបស់ព្រះអង្គ។ 18 ព្រះអង្គ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មកធ្វើ​អ្វី? បើ​ទូលបង្គំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ នោះ​គ្មាន​នរណាបាន​ឃើញ​ទូលបង្គំទេ។ 19 បើ​គេ​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ នោះ​ទូលបង្គំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។ 20 តើអាយុ​ជីវិត​របស់​ទូលបង្គំពិតជាខ្លីមែនឬ? សូម​ឈប់ទៅ នឹងសូម​ទុកឲ្យ​ទូលបង្គំ​នៅម្នាក់ឯង ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ពេល​សម្រាកបន្តិច 21 មុន​នឹង​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ងងឹត ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ឥត​វិល​ត្រឡប់​វិញ​ឡើយ។ 22 កន្លែងងឹត​ជាងកណ្តាលយប់ ជា​កន្លែង​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ជា​កន្លែង​ដែល​គ្មាន​របៀប​រៀប​រយ ហើយ​សូម្បី​តែ​ពន្លឺ​នៅ​ទី​នោះ​ក៏​ងងឹត​ដែរ»។