ជំពូក ១៦

1 លោក​កូរេ​ជា​កូន​ប្រុសរបស់លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី ជាមួយលោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​កូនប្រុស​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន ជា​កូនប្រុស​របស់​លោក​ពេ‌ឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។​ 2 ពួកគេ​បាននាំគ្នា​ងើប​​បះបោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ​ ដោយ​មានមនុស្ស​​ផ្សេងទៀត​ពី​​ពួក​កូនចៅ​អ៊ីស្រាអែលដែល​សុទ្ធតែ​ជា​មេដឹកនាំរបស់សហគមន៍​ និង​មនុស្សគ្រប់គ្នា​ស្គាល់ច្បាស់​​ ​ចំនួន​ពីររយ​ហាសិប​នាក់​បានចូល​រួមដែរ។ 3 ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា​តតាំង​ជាមួយ​លោក​ម៉ូសេ និង​លោក​អ៊ើរ៉ុន។ ពួកនោះ​បាន​និយាយ​ទៅលោកទាំងពីរ​ថា​៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគមន៍​ទាំងមូល​សុទ្ធតែបានញែកដាច់ដោយឡែក ហើយ​ព្រះអម្ចាស់គង់​ក្នុង​ចំណោម​ពួកគេ​ដែរ។ ហេតុអ្វី​បាន​ជា​ពួកលោក​​ លើកខ្លួនឯង​ខ្ពស់ជាង​មនុស្ស​ផ្សេង​ទៀតក្នុង​សហគមន៍​របស់ព្រះអម្ចាស់ដូច្នេះ?» 4 នៅ​ពេល​ដែល​លោកម៉ូ​សេ​បាន​ឮដូច្នេះ លោក​បាន​ឱន​មុខ​​ចុះ។​ 5 លោក​បាននិយាយ​ទៅ​លោក​កូរេថា និង​អស់អ្នក​ដែល​នៅ​ជាមួយ​លោក​កូរេ​ថា​៖ «នៅ​ព្រឹក​នេះ​ ព្រះ​អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រប់​​គ្នា​ដឹង​ថា តើ​អ្នក​ណា​ជា​របស់​ព្រះ​អង្គ ហើយ​អ្នកណា​ដែល​ត្រូវ​បាន​ញែក​ដាច់​ដោយ​ឡែក​​សម្រាប់ព្រះអង្គ​ ព្រះអង្គ​នឹង​នាំ​មនុស្ស​ទាំងនោះ​ចូល​ទៅ​ជិត​ព្រះអង្គ គឺអ្នកណា​ដែល​ព្រះ​អង្គជ្រើស​រើស​ ព្រះ​អង្គ​នឹង​នាំ​ចូល​ជិត​ព្រះ​អង្គ។ 6 សូមធ្វើ​បែបនេះ លោកកូរេ និង​បក្សពួក​របស់​អ្នក 7 គឺស្អែកនេះ​ ត្រូវ​យក​ពាន​មក​រៀងៗខ្លួនមក​ ហើយ​ដាក់ភ្លើង​ និង​គ្រឿងក្រអូប​ក្នុង​នោះ​នៅ​ចំពោះ​ព្រះអម្ចាស់។ អ្នកណា​ដែល​ព្រះ​អម្ចាស់ជ្រើសរើស​ អ្នកនោះ​នឹង​​ត្រូវ​បាន​ញែក​ដាច់ដោយ​ឡែក​សម្រាប់ព្រះអម្ចាស់។ ពូជពង្សដ៏អាក្រក់អើយ! អ្នករាល់គ្នា​ធ្វើជ្រុលពេកហើយ» 8 លោក​ម៉ូសេ​បាន​មានប្រសាសន៍​ទៅ​លោក​កូរេ​ទៀត​ថា៖ «ឥឡូវ​នេះ កូន​ចៅលេវី​អើយ! ​សូម​ស្ដាប់ខ្ញុំ 9 តើ​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ញែក​អ្នក​ដាច់ដោយ​ឡែក​ពី​សហគមន៍អ៊ីស្រាអែល​ នាំ​អ្នក​ចូលជិត​ព្រះអង្គ បម្រើកិច្ចការ​របស់ព្រះអង្គ​នៅ​ក្នុង​រោង​ឧបោសថ ហើយ​ឲ្យ​ឈរ​នៅ​មុខ​សហគមន៍​ដើម្បី​បម្រើ​ពួក​គេ​ ជា​ការ​តូច​តាច​ឬ? 10 ព្រះ​អង្គ​បាន​នាំ​អ្នក​​ និង​​ពូជពង្ស​របស់​លេវី​ជា​បងប្អូន​របស់អ្នកចូលជិត​ព្រះអង្គ ប៉ុន្តែ ​អ្នក​នៅ​តែ​ចង់​បាន​តំណែង​ជាបូជាចារ្យថែមទៀត​។ 11 ហេតុនេះហើយ​បាន​ជា​ អ្នក​ និង​បក្សពួក​របស់អ្នក​បាន​ប្រមូូលផ្ដុំគ្នា​ប្រឆាំង​នឹង​ព្រះអម្ចាស់។ ហេតុអ្វី​​បាន​ជាអ្នក​រអ៊ូរទាំប្រឆាំងនឹង​លោក​អ៊ើរ៉ុន ដែល​ជា​អ្នក​ស្ដាប់បង្គាប់ព្រះ​អម្ចាស់ដូច្នេះ?»។ 12 បន្ទាប់មក លោក​ម៉ូសេ​បាន​ឲ្យ​គេ​ទៅហៅលោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​កូន​របស់​លោក​អេលាប ប៉ុន្តែ លោក​ទាំង​ពីរ​និយាយ​ថា៖​ «ពួក​យើង​​មិន​ឡើង​ទៅទេ។ 13 តើ​ការ​ដែល​អ្នកបាន​នាំ​ពួកយើង​ចេញមក​ពីស្រុកដែល​សម្បូរ​ទៅ​ដោយ​ទឹក​ដោះ​ និង​ទឹក​ឃ្ញុំ ដើម្បី​សម្លាប់ពួកយើង​នៅ​ក្នុង​ទី​រហោស្ថាន​នេះ តើ​ជារឿង​តូច​តាច​ឬ? ឥឡូវ​នេះ ​អ្នក​​ចង់តាំង​ខ្លួន​អ្នក​ធ្វើជាអ្នក​ដឹកនាំយើងទៀត។ 14 លើស​ពី​នេះ​ទៀត អ្នក​មិន​បាន​នាំ​ពួក​យើង​ចូល​ទៅ​​ក្នុង​ស្រុក​ដែល​សម្បូរទៅដោយ​ទឹក​ដោះ និង​ទឹក​ឃ្មុំទេ ហើយ​ក៏​មិន​បាន​ឲ្យ​ស្រែ​ និង​ចម្ការទំពាំង​បាយជូរ​មក​ពួកយើង​ទុក​ជា​មរតកដែរ»។ 15 លោក​ម៉ូសេ​ខឹង​យ៉ាង​​ខ្លាំង ហើយ​បាន​ទូល​ដល់​​ព្រះអម្ចាស់ថា​៖​ សូមព្រះអង្គ​​កុំ​ទទួល​តង្វាយ​របស់ពួក​គេអី។ ទូលបង្គំ​មិន​បានយកសត្វលា​មួយ​ក្បាលពីពួកគេ​​ឡើយ ហើយ​ទួល​បង្គំក៏​មិន​បាន​ធ្វើ​ឲ្យពួក​គេ​ណា​ម្នាក់ឈឺចាប់ដែរ»។ 16 បន្ទាប់​មក​ លោក​ម៉ូសេ​បាន​មានប្រសាសន៍​ទៅ​លោក​កូរេ​ថា​៖ «ស្អែកនេះ អ្នក​ និង​​បក្ស​ពូក​របស់អ្នក​ទាំងអស់គ្នត្រូវ​ចូល​ទៅ​ចំពោះ​ព្រះអម្ចាស់​ គឺ​ទាំង​អ្នក ទាំងពួកគេ ព្រម​ទាំង​លោក​អ៊ើរ៉ុន​ផង​ដែរ។ 17 ម្នាក់ៗ​​ត្រូវ​យក​ពាន​របស់ខ្លួន​មក​ ហើយ​ដាក់ភ្លើង​នៅ​ក្នុង​នោះផង។ ​មនុស្ស​ម្នាក់​ៗ​ត្រូវ​យក​ពាន​របស់​ខ្លន​ចូល​ទៅ​ចំពោះ​ព្រះអម្ចាស់ គឺពីររយហាសិប​ពាន។ អ្នក​ និង​លោកអ៊ើរ៉ុន​ក៏​ត្រូវ​យក​ពាន​របស់ខ្លនទៅ​ដែរ។ 18 ដូច្នេះ​ មនុស្ស​គ្រប់គ្នា​បានយកពាន​របស់ខ្លួនទាំង​ដាក់ភ្លើង​ ទាំងដាក់​គ្រឿង​ក្រអូបនៅ​ក្នុង​នោះមក​​ ហើយ​បាន​ឈរ​​នៅ​ច្រកទ្វារ​ចូលត្រសាលប្រជុំជាមួយលោក​ម៉ូ​សេ​ និង​លោក​អើ​រ៉ុន។ 19 លោកកូរេ​បាន​ប្រមូល​សហគមន៍ទាំងមូលប្រឆាំងនឹង​លោក​​ម៉ូសេ​ និង​​លោក​​អើរ៉ុន​នៅ​ច្រក​ទ្វារចូលត្រសាលជួបជុំ ពេល​នោះ​សិរី​រុង​រឿង​របស់​ព្រះអម្ចាស់បាន​លេច​មក​ឲ្យ​សហគមន៍ទាំង​មូល​បាន​ឃើញ។ ​ 20 នោះ ​ព្រះអម្ចាស់​បាន​​មាន​បន្ទូល​មក​លោកម៉ូសេ​ និង​លោ​​ក​អ៊ើរ៉ុនថា៖ 21 «ចូរទៅ​ឲ្យ​ឆ្ងាញ​ពី​ចំណោម​សហគមន៍នេះ ដែល​​យើង​នឹង​បំផ្លាញពួក​គេ​ឲ្យ​វិនាស​ជាមួយ​ឥឡូវនេះ»។ 22 លោក​ម៉ូ​សេ​​ និង​លោកអ៊ើ​រ៉ូន​ឱនមុខ​ចុះ​ ហើយ​ទូល​​ថា៖ «ឱព្រះជាម្ចាស់អើយ! ព្រះអង្គ​ជា​ព្រះ​នៃ​វិញ្ញណរបស់​មនុស្ស​ទាំងអស់ បើ​មនុស្ស​​តែ​ម្នាក់​​ប្រព្រឹត្តអំពើបាប តើ​ព្រះអង្គ​ត្រូវ​ខឹងនឹង​សហគមន៍ទាំងមូល​ឬ?»​ 23 ព្រះអម្ចាស់​ឆ្លើយ​មក​លោក​ម៉ូសេវិញថា៖ 24 «ចូរប្រាប់ទៅ​សហគមន៍នេះថា ចូរ​​នាំ​គ្នាចេញឲ្យ​ឆ្ងាយ​ពីត្រសាលរបស់លោក​កូរេ ត្រសាលរបស់លោកដាថាន និង​ត្រសាលរបស់លោកអប៊ី‌រ៉ាមទៅ»។ 25 នោះ​លោក​​ម៉ូសេ​បានក្រោកឡើង ហើយ​ដើរទៅរក​លោក​ដាថាន និង​លោក​​អប៊ី‌រ៉ាម ទាំងមាន​មេដឹកនាំ​របស់កូនចៅអ៊ីស្រាអែលទៅជាមួយគាត់ដែរ។ 26 គាត់បានមានប្រសាសន៍ទៅសហគមន៍ទាំងមូលថា៖ «ឥឡូវនេះ​ ចូរនាំ​គ្នា​ចាកចេញពីត្រសាល​របស់ពួកមនុស្សអាក្រក់នេះ ហើយ​កុំប៉ះពាល់អ្វី​របស់ពួកគេឡើយ បើមិនដូច្នោះទេអ្នករាល់គ្នា​ក៏នឹង​ត្រូវ​បំផ្លាញដោយ​ព្រោះអំពើបាបរបស់ពួក​គេដែរ។ 27 ដូច្នេះ​ សហគមន៍ដែលនៅជិត​នឹង​ត្រសាលរបស់លោកកូរេ លោក​​​ដាថាន និង​លោក​​អប៊ី‌រ៉ាមបានចាកចេញឆ្ងាយពីពួកគេ។ ​លោក​ដាថាន និង​លោក​​អប៊ី‌រ៉ាមបាន​ចេញមកឈរ​នៅច្រកទ្វារត្រសាលរបស់ខ្លូន ជាមួយ​នឹង​ប្រពន្ធ និង​កូនៗ​របស់ពួកគេ។ 28 នោះ ​លោក​ម៉ូសេ​បានមានប្រសាសន៍ថា៖ «តាមរយៈការនេះ​ អ្នករាល់គ្នា​នឹង​​ដឹងថា ព្រះអម្ចាស់បាន​ចាត់ខ្ញុំ​ឲ្យ​មក​ធ្វើ​ការ​ទាំងអស់នេះមែន ដ្បិត ខ្ញុំមិន​បាន​ធ្វើ​ការ​ទាំងនោះ​ដោយ​ចិត្តខ្លួន​ឯង​ឡើយ។ 29 ប្រសិន​បើ​ បុរស​ទាំងនេះ​ស្លាប់តាមបែបធម្មជាតិ ដូច​ជា​ការ​ស្លាប់ផ្សេងៗ​ដែលធ្លាប់កើតឡើង នោះ​បានន័យថា ព្រះអម្ចាស់មិនបានចាត់ខ្ញុំឲ្យមកទេ។ 30 ប៉ុន្តែប្រសិនបើ​ ព្រះអម្ចាស់ធ្វើ​ឲ្យ​ដី​បើកឡើង​​ហើយលេប​ពួក​គេ​ចូល​ដូច​ជា​ចូលក្នុងមាត់មួយយ៉ាងធំ ជាមួយ​នឹង​ក្រុមគ្រួសារទាំងអស់​របស់ពួកគេ ហើយ​បើ​ពួកគេ​ធ្លាក់ចូូល​ទាំង​រស់ទៅក្នុង​ស្ថានឃុំព្រលឹងមនុស្ស​ស្លាប់ នោះអ្នករាល់គ្នា​​ត្រូវ​យល់ថា បុរសទាំងនេះ​បាន​មើលងាយ​ព្រះអម្ចាស់» 31 ពេល​លោក​ម៉ូសេ​មានប្រសាសន៍ចប់ភ្លាម ដីនៅ​ពីក្រោម​មនុស្សទាំងនេះ​ក៏បើកឡើង។ 32 ផែនដីបានបើកមាត់របស់វា ហើយ​លេ​បពួកគេ ក្រុមគ្រួសាររបស់គេ និងម​នុស្សរបស់​លោកកូេរ ព្រមទាំងអ្វីទាំងអស់ដែលជាកម្មសិទ្ធិ​របស់ពួកគេ​​ចូលអស់ទៅ។ 33 ពួកគេ​ និង​មនុស្សទាំងអស់នៅក្នុង​គ្រួសារ​របស់គេបាន​ធ្លាក់ចូលទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់ទាំងរស់។ ផែន​ដីបាន​បិទ​គ្របពីលើពួកគេ​ គឺពួកគេ​បាន​ស្លាប់បែបនេះ​ពីចំកណ្ដាលណោម​សហគមន៍។ 34 កូនចៅអ៊ីស្រាអែល​ទាំងអស់ដែលនៅជុំវិញ​ពួកគេ បាន​រត់គេច​ចេញពី​សម្រែក​​របស់ពួកគេ​​ ដោយ​ពោលថា៖ «ដីនឹង​លេប​ពួក​យើង​ចូលដែរ!»។ 35 នោះ​អណ្ដាតភ្លើង​បាន​ចេញមកពីព្រះអម្ចាស់​មក​បញ្ឆេះមនុស្ស​ពីររយហាសិបនាក់ដែលកពុង​​តែថ្វាយ​គ្រឿងក្រអូប។ 36 ព្រះអម្ចាស់បាន​មាន​បន្ទូលមកលោកម៉ូសេ​ទៀត​​ថា៖ 37 «ចូរប្រាប់ លោកអេឡាសារ កូនប្រុសរបស់បូជាចារ្យអ៊ើរ៉ុនឲ្យគេ​យក​ពានចេញពីអណ្ដាតភ្លើង ដ្បិត​ ពាននេះត្រូវញែកដាច់ដោយឡែក​សម្រាប់យើង។ ហើយឲ្យគេយកកម្ទេច​ឃ្យូងចោល​ឲ្យឆ្ងាយ 38 រួចត្រូវយកពាន​របស់អ្នកដែលស្លាប់ដោយព្រោះតែអំពើរបាបរបស់ខ្លួន ទៅ​ដំជា​បន្ទះសម្រាប់ស្រោបអាសនា។ ដ្បិត​ ពួកគេ​បាន​ថ្វាយ​របស់ទាំងនោះ​នៅចំពោះយើងហើយ ដូច្នេះ ​របស់ទាំងនេះ​ត្រូវ​បានញែក​ដោយ​ឡែក​សម្រាប់យើង។ វា​នឹង​បានជាទីសម្លាល់នៃវត្តមាន​របស់យើង​ចំពោះកូនចៅអ៊ីស្រាអែល»។ 39 លោកបូជាចារ្យអេឡាសារបានយក​ពានលង្ហិន ជារបស់ដែលមនុស្ស​បាន​ឆេះភ្លើង​​ស្លាប់នេះធ្លាប់ប្រើ ទៅដំជាបន្ទះ​សម្រាប់គ្រប់ស្រោបអាសនា។ 40 ដើម្បីទុកជា​ការរំឭកដល់កូនចៅអ៊ីស្រាអែលថា ក្រៅពីកូន​ចៅ​របស់លោកអ៊ើរ៉ុន គ្មានអ្នកអាច​ចូលទៅដុត​គ្រឿងក្រអូបនៅ​ចំពោះព្រះអម្ចាស់បានឡើយ ដើម្បី​កុំឲ្យពួកគេបានដូចជាលោក​​កូរេ និងបក្សពួក​​របស់គាត់ ដូចដែលព្រះអម្ចាស់បានបង្គាប់តាម​រយៈលោកម៉ូសេ។ 41 ប៉ុន្តែ នៅ​ព្រឹកស្អែក​ឡើងសហគមន៍កូន​ចៅ​អ៊ីស្រា​​អែលទាំងមូល​បានរ​អ៊ូរទាំទាស់នឹងលោកម៉ូសេ និងលោក​អ៊ឺរ៉ុនទៀត។ ពួកគេ​បាន​ពោល​ថា៖ ​«​លោកបានសម្លាប់ប្រជារាស្ត្រ​របស់​​ព្រះ​​អម្ចាស់​​​»។ 42 នៅពេលដែល​ហសគមន៍ប្រមូលគ្នាប្រឆាំងនឹងលោកម៉ូសេ និងលោក​អើរ៉ុន ខណៈពេលដែលពួកគេបែរមុខមើលទៅត្រសាល​ប្រជុំ ហើយមើល៍! មានពពកគ្របពីលើត្រសាល​ជិត។ សិរីរុងរឿងរបស់ព្រះ​​អម្ចាស់​​​បានលេចមក 43 ហើយលោកម៉ូសេ និងលោកអើរ៉ុនបានមកឈរពីមុខត្រសាលប្រជុំនោះ។ 44 នោះ ព្រះ​​អម្ចាស់​​​បានមាន​បន្ទូល​មក​លោក​ម៉ូ​សេ​ថា​៖ 45 «ចូរចេញឲ្យឆ្ងាយពីមុខ​សហគមន៍នេះ ដ្បិត យើងនឹងកម្ទេចពួកគេ​ឲ្យវិនាសភ្លាមនេះ»។ នោះ​ លោក​ម៉ូសេ​ និងលោក​​អើរ៉ុនបានឱនមុខក្រាបចុះ​ដល់ដី។ 46 លោកម៉ូសេបានមានប្រសាសន៍ទៅលោក​​អើរ៉ុន​ថា៖ «ចូរយកពាន ហើយ​យក​​ភ្លើងពី​អាសនាដាក់ក្នុងពាននោះ និង​ដាក់គ្រឿងក្រ​អូបក្នុងនោះយកទៅឲ្យសហគមន៍​ជា​ប្រញាប់។ រួចធ្វើពិធីដោះបាប​ឲ្យពួកគេទៅ ដ្បិត សេចក្តីក្រោធកំពុងមកពីព្រះ​​អម្ចាស់​​ ហើយគ្រោះកាច​ក៏ចាប់ផ្ដើមដែរ»។​​​ 47 ដូច្នេះ លោក​​អើរ៉ុនក៏បានធ្វើតាមការណែនាំរបស់លោកម៉ូសេ។ គាត់បានរត់ចូលទៅកណ្ដាលសហគមន៍​ ហើយ​គ្រោះកាចក៏ចាប់ផ្ដើមកើតឡើងភ្លាមមួយរំពេច រាលដាលពេញក្នុងចំណោមបណ្ដាជន។ ដូច្នេះ គាត់បានដាក់គ្រឿងក្រអូបចូលក្នុងពាន​ ហើយក៏ធ្វើពិធីដោះបាបឲ្យបណ្ដាជន។ 48 លោក​អើរ៉ុនឈរនៅចន្លោះរវាង​មនុស្សស្លាប់ និងមនុស្សរស់ គ្រោះកាច​ក៏បាត់ភ្លាម។ 49 ​​អ្នកដែលស្លាប់ដោយគ្រោះកាចមានចំនួនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ ដោយមិនគិតអ្នក​ស្លាប់ក្នុងពេលលោក​កូរេបបោះទេ​។ 50 លោក​អើរ៉ុន​បានត្រឡប់ទៅលោកម៉ូសេនៅច្រកទ្វារចូលត្រសាលប្រជុំវិញ ហើយគ្រោះកាចក៏បាត់​។​