ជំពូក ១៤

1 នៅ​យប់​នោះ​ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្រែកយំ​យ៉ាង​ខ្លាំង។ 2 ហើយ​ពួក​គេ​ក៏រិះគន់​លោក​ម៉ូ​សេ និង​លោក​អ៊ើរ៉ុន​ជា​ខ្លាំង។ សហគមន៍​ទាំងមូល​បាន​និយាយទៅពួកលោកថា​៖ «​ទុក​ឲ្យ​ពួកយើង​​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ​ឬនៅ​​ទី​​រហោស្ថានទៅប្រសើរជាង។ 3 ហេតុអ្វីបាន​ជា​ព្រះអម្ចាស់នាំពួកយើង​​មកស្រុក​នេះ ហើយ​ត្រូវ​ស្លាប់​ដោយ​សារ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូនៗ​របស់​ពួក​យើង​នឹង​ក្លាយ​ជា​ជន​រងគ្រោះ។ តើពួក​យើង​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​​មិន​ល្អ​ជាង​ទេឬ? 4 ពួក​គេ​បាននិយាយគ្នាថា៖ «ចូរពួកយើង​ជ្រើស​រើស​អ្នក​ដឹកនាំ​ម្នាក់ផ្សេងទៀត​​ឲ្យ​ដឹកនាំ​ពួក​យើង​ត្រឡប់​ទៅ​ស្រុកអេស៊ីព្ទ​វិញ»។ 5 នោះ​លោកម៉ូសេ​​ និងលោក​អ៊ើរ៉ុន​បាន​ឱនមុខ​ចុះនៅ​​ចំពោះ​មុខ​សហគមន៍​​កូន​ចៅ​អ៊ីស្រាអែល។ 6 លោក​យ៉ូស្វេ​កូនប្រុស​​របស់លោក​នូន និង​លោក​កាឡែប​កូន​ប្រុស​របស់​លោក​​យេភូ‌នេដែល​បាន​ទៅ​សង្កេត​មើល​ស្រុកនោះ​ជា​មួយ​ពួក​គេ​ដែរ​ បាន​ហែកសម្លៀក​បំពាក់​របស់​ខ្លួន។ 7 ពួក​គេ​បាន​និយាយ​ទៅ​កាន់​សហគមន៍កូន​ចៅ​អ៊ីស្រាអែល​​ថា​៖​ «ស្រុកដែល​ពួកយើង​បាន​ដើរ​​ឆ្លង​កាត់ និងសង្កេតមើលនោះ​ជា​ស្រុក​​ល្អ​ខ្លាំង​ណាស់។​ 8 ប្រសិន​បើ ​ព្រះ​អម្ចាស់​សព្វ​ព្រះហឫទ័យ​នឹងយើង​ នោះ​ព្រះអង្គ​នឹង​នាំ​យើងចូល​ទៅក្នុង​​ស្រុកនោះ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ស្រុកនោះ​ឲ្យ​យើងជា​មិខាន។ ស្រុកនោះ​ពោរ​ពេញទៅ​ដោយ​ទឹក​ដោះ និង​ទឹក​ឃ្មុំ។ 9 ប៉ុន្តែ​ មិន​ត្រូវ​បះ​បោរ​​ប្រឆាំង​នឹង​ព្រះអម្ចាស់​​ឡើយ ហើយ​ក៏កុំខ្លាចមនុស្ស​នៅ​ក្នុុង​ស្រុក​នោះ​ដែរ។ ពួក​យើង​នឹង​លេបស៊ី​ពួកគេ​យ៉ាង​ងាយ​ដូច​ជា​ស៊ី​ម្ហូបអាហារ។ រនាំង​​ការពារ​របស់​ពួក​គេ​​នឹង​ត្រូវ​រើ​ចេញ​ពី​ពួក​គេ ដ្បិត ​ព្រះអ​ម្ចាស់​គង់​ជា​មួយ​នឹង​យើង ដូច្នេះ ​កុំ​ខ្លាច​ពួក​កេ​ឡើយ»។ 10 ប៉ុន្ដែ ​សហគមន៍​ទាំង​មូល​គម្រាម​ចោល​ដុំថ្ម​សម្លាប់​ពួក​គេ​។ នៅ​ពេល​នោះ​សិ​រី​រុង​របស់​ព្រះអម្ចាស់បាន​លេច​ចេញ​មក​នៅ​ត្រសាលប្រជុំចំពោះ​មុខ​កូន​ចៅ​អ៊ីស្រាអែល​ទាំងអស់គ្នា។ 11 ព្រះអម្ចាស់​បានមាន​បន្ទូល​ទៅ​លោក​ម៉ូ​សេ​ថា​៖ «តើ​ប្រជាជន​នេះ​នឹង​មើល​ងាយ​យើង​ដល់​ពេល​ណាទៀត? តើ​ពួក​គេ​នៅ​តេ​មិន​ជឿ​ទុក​ចិត្ត​ដល់​យើង​​ដល់​ពេល​​ណា​​​ទោះ​បី​ជា​ទី​សម្គាល់​នៃ​អំណាច​របស់​យើង ដែល​យើង​បាន​ធ្វើ​នៅ​កណ្ដាល​ចំណោម​ពួក​គេផង​​នោះ? 12 យើង​នឹង​វាយ​ប្រហារ​ពួក​គេ​ដោយ​គ្រោះ​កាច​ ហើយ​នឹង​កាត់​​កាល់​ពួក​គេ​ រួច​យើង​នឹងបង្កើត​ប្រជាតិមួយដែល​ធំជាង ហើយ​ខ្លាំងពូកែ​ជាងពួក​គេ​ពី​ពូជ​ពង្សរបស់​អ្នក»។ 13 លោកម៉ូសេ​បាន​ទូលទៅ​ព្រះ​អម្ចាស់​​ថា​៖ «ប្រសិន​បើ​ ព្រះ​អង្គ​ធ្វើដូច្នេះ នោះ​ជនជាតិអេស៊ីបនឹង​ឮអំពីរឿង​នេះ ដ្បិត​​​ ព្រះ​​អង្គបាន​សង្គ្រោះ​ប្រជាជននេះពី​ពួក​គេ ដោយ​អំណាចចេស្តា​​របស់ព្រះអង្គ​។ 14 ពួក​គេ​នឹង​ប្រាប់​រឿង​នេះ​ដល់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ ពួក​គេ​បាន​ឮថាព្រះអង្គ​គង់​ជា​មួយ​ប្រជាជននេះ គេ​បាន​ឃើញព្រះអង្គ​​មុខ​ទល់​នឹង​មុខ។ ពពករបស់​ព្រះ​អង្គឈរ​នៅពី​លើ​ប្រជាជននេះ​​។ ព្រះ​អង្គ​យាង​ពី​មុខ​ពួក​គេ​ដោយ​សរសរ​ពពក​នៅ​ពេល​ថ្ងៃ ហើយ​ដោយ​សរសរ​ភ្លើង​នៅ​ពេល​យប់។ ​ 15 ដូច្នេះ ប្រសិន​បើ​ព្រះអង្គ​សម្លាប់​ពួក​គេ​ ដូច​ជា​មនុស្ស​តែ​ម្នាក់​នោះ នោះ​ប្រជាជាតិទាំង​ឡាយ​ដែល​បាន​ឮល្បី​អំពី​ព្រះអង្គ​នឹង​នាំ​គ្នា​និយាយថា​៖ 16 «ព្រោះ​តែ​ព្រះ​អម្ចាស់​មិនអាច​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​​ដី​ដែល​ព្រះអង្គ​បាន​ស្បថ​ថាប្រទាន​ឲ្យ​ដល់​ពួកគេបាន​ ទើបព្រះអង្គ​សម្លាប់ពួក​គេ​នៅ​ទី​រហោស្ថាន​អស់​»។ 17 ឥឡូវនេះ​ ទូល​បង្គំ​សូម​អង្វរ​ព្រះ​អង្គ សូម​ព្រះ​អង្គ​​ប្រើអំណាច​ចេស្ដា​ដ៏​ខ្លាំង​របស់​ព្រះអង្គ​។ ដ្បិត ​ព្រះអង្គ​បាន​មានបន្ទូល​ថា​៖ 18 «ព្រះអម្ចាស់​យឺតនឹងខ្ញាល់​ ហើយ​ពោរ​ពេញ​ទៅ​​​ដោយសេចក្តី​ស្មោះ​ត្រង់។ ព្រះអង្គតែង​តែ​​លើក​លែង​ទោស​ដល់​កំហុស និង​សេចក្តី​រំលង​។ ប៉ុន្តែ ព្រះអង្គ​មិនបំភ្លេច​​កំហុសនោះ​ទេ គឺ​ព្រះ​អង្គ​នឹង​ដាក់ទោស​អំពើបាប​របស់​ដូន​តា​ទៅ​លើ​កូនចៅរបស់​ពួក​គេ​បី​ទៅ​បួន​តំណ​។​ 19 ទូល​បង្គំ​សូម​​អង្វរ​ព្រះអង្គ សូម​ព្រះ​អង្គ​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​ប្រជាជននេះ ដោយ​ព្រោះ​តែ​សេចក្តីស្មោះ​ត្រង់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដូចដែល​ព្រះ​អង្គ​តែងតែ​អត់ទោស​ដល់់ប្រជាជននេះ​តាំងពី​​ពេល​ដែលពួក​គេ​នៅក្នុង​ស្រុក​អេស៊ីប​រហូត​មក​​ដល់​ពេល​នេះ»។ 20 ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា៖ «យើង​បាន​លើក​លែង​ទោស​ឲ្យ​ពួក​គេតាម​សំណូម​ព​របស់​អ្នក​ហើយ​ 21 ប៉ុន្តែ ​យើ​ង​ជា​ព្រះ​ដែល​មានព្រះជន្ម​គង់នៅ ហើយ​ផែន​ដី​ទាំង​មូល​ពេញ​ដោយ​សិរី​រុង​រឿង​របស់​យើង​ 22 នោះមនុស្ស​ទាំង​អស់នេះ​បាន​ឃើញ​សិរី​​រុុង​រឿង​ និង​ទី​សម្គាល់​នៃ​អំណាច​ដ៏​អស្ចារ្យរបស់​យើង​ ដែលយើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​ក្នុង​ទី​រហោស្ថាន​ ប៉ុន្តែ ពួ​ក​គេ​នៅ​តែ​​ល្បងលយើងដល់​ទៅ​ដប់​ដង ហើយ​នៅ​តែ​មិនស្តាប់​តាម​សម្លេង​របស់​​យើង​។ 23 ដូច្នេះ​ យើង​សូម​ប្រកាស​ថា៖ ពួក​គេ​ពិត​ជានឹង​មិន​បាន​ឃើញស្រុក​ដែល​យើង​បាន​ស្បថ​ជា​មួយ​ដូន​តា​របស់​ពួក​គេ​ឡើយ។ អ្នកណា​ដែល​មើល​ងាយ​យើង នឹង​មិន​បាន​ឃើញ​ស្រុក​នោះ​ឡើយ។ 24 លើក​លែង​តែលោក​កាលែប​ជា​​អ្នក​បម្រើ​យើង ព្រោះ​លោកមាន​វិញ្ញាណ​ខុស​ពី​អ្នកផ្សេង​ ហើយ​​លោកបាន​ធ្វើ​តាម​យើង​គ្រប់​ជំពូក​ នោះយើង​នឹង​នាំ​លោក​ចូល​ក្នុង​ស្រុក​ដែល​លោក​បាន​ទៅ​​សង្កេត​មើល។ ពូជពង្ស​របស់​លោក​នឹង​បានកាន់​កាប់​​ស្រុកនោះ។ 25 (ជនជាតិ​អាម៉ាឡេក និង​ជនជាតិកាណាន​រស់​នៅ​តាម​ជ្រលង​ភ្នំ)។ ស្អែកនេះ ចូរ​ត្រឡប់​ទៅ​ទី​រហោស្ថានតាម​​ផ្លូវ​សមុទ្រ​កក់វិញ»។ 26 ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ម៉ូសេ និង​លោក​​អ៊ើរ៉ុន​​ទៀត​​ថា៖ 27 «តើយើង​ត្រូវ​ទ្រាំ​នឹង​សហគមន៍ដ៏អាក្រក់ដែល​តែង​តែរិះគន់យើងនេះ​ដល់​ពេល​ណា? យើង​​បាន​ឮ​ការ​​រអ៊ូរទាំរបស់​កូន​ចៅ​អ៊ីស្រាអែល​ទាស់នឹង​យើង​ហើយ។ 28 ចូរ​ប្រាប់​ពួក​គេ​ថា៖ នេះ​ជាព្រះបន្ទូលរបស់​ព្រអម្ចាស់! យើង​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ យើង​នឹង​ប្រព្រឹត្តិ​ចំពោះ​អ្នករាល់​គ្នា​ ដូច​ដែល​យើង​​គ្នា​បាន​ឮអ្នក​រាល់គ្នានិយាយ​។ 29 ខ្មោច​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវដូូល​នៅ​ក្នុង​ទី​រហោស្ថាននេះ​ គឺអស់​អ្នក​ដែល​រអ៊ូរទាំទាស់​នឹង​យើង ជា​អ្នក​ដែលបានរាប់​ក្នុង​ពេល​​ធ្វើ​រាប់ចំនួនអ្នក​ដែល​មានអាយុ​ចាប់​ពី​ម្ភៃឆ្នាំ​ឡើង​ទៅ ។​ 30 អ្នក​រាល់​គ្នា​ពិត​ជា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ លើកលែង​តែ​លោកកាលែប​ជា​កូនប្រុស​របស់​លោកយេភូ‌នេ និងលោក​យ៉ូស្វេ ជា​កូន​ប្រុសរបស់​លោកនូន។ 31 ប៉ុន្តែ​ កូនចៅ​របស់​អ្នករាល់​គ្នា​ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ថា​នឹង​ក្លាយជា​ជន​រង​គ្រោះ​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​នោះ។ ពួក​គេ​នឹង​ស្គាល់​ស្រុក​​ដែល​អ្នក​រាល់​គ្នា​បានបដិសេធ​មិនទទួលយក។ 32 រីឯអ្នករាល់​គ្នាវិញ សាកសព​របស់​អ្នករាល់​គ្នា​នឹង​ដួល​នៅ​ក្នុងក្នុងទីរហោ​ស្ថាននេះ។ 33 កូន​ចៅ​របស់​អ្នករាល់​គ្នានឹង​ឃ្វាល​ហ្វូងចៀមក្នុង​ទី​ហោស្ថាននេះ​រយៈពេល​សែសិបឆ្នាំ។ ពួក​គេ​នឹង​ទទួលទោស​នៃ​អំពើ​បះ​បោរ​របស់​អ្នក​រាល់​គ្នា​រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​ទី​រហោស្ថាន​​នេះអស់។ 34 ដូចដែល​​អ្នករាល់​​គ្នាបានទៅ​សង្កេត​មើល​ស្រុកនោះ​រយៈ​ពេល​សែសិប​ថ្ងៃ នោះ​អ្នក​រាល់​គ្នានឹង​ទទួល​ទោស​នៃ​អំពើបាប​របស់​អ្នក​រាល់​គ្នា​រយៈ​ពេល​សែសិប​ឆ្នាំ​ដែរ​​ គឺ​មួយឆ្នាំ​ សម្រាប់មួយ​ថ្ងៃ​ នោះ​អ្នក​រាល់គ្នានឹង​ដឹង​ថា ការ​ដែលធ្វើ​ជា​ខ្មាំង​សត្រូវ​នឹងយើងនោះ​វា​យ៉ាង​ដូចម្ដេចទៅវិញ។ 35 យើង​​គឺជា​ព្រះអម្ចាស់​បាន​មាន​បន្ទូលយ៉ាងណា យើង​ពិត​ជា​នឹង​ធ្វើ​យ៉ាងនោះ​ដល់​សហគមន៍ដ៏អាក្រក់ដែលបាន​ប្រមូល​គ្នា​​បះបោរ​ទាស់​នឹង​យើង​នេះ។ ពួក​គេ​នឹង​ត្រូូវ​កាត់ចោល​ទាំងស្រុង ហើយ​នឹង​ស្លាប់​នៅ​ទី​នេះ​ទាំងអស់​គ្នា»។ 36 37 ដូច្នេះ ពួកអ្នកដែល​លោក​ម៉ូសេ​បានចាត់​ឲ្យ​ទៅសង្កេតមើល​ស្រុកនោះ​​បានស្លាប់ទាំងអស់​គ្នា​ដោយ​គ្រោះនៅ​ចំពោះ​ព្រះអម្ចាស់។ អ្នកទាំង​នេះ​គឺ​ជាអ្នក​​ដែលត្រឡប់មកវិញ ហើយ​នាំ​ដំណឹង​អាក្រក់អំពី​​​ស្រុកនោះ​មក​​រាយការណ៍ ហើយ​បាន​ធ្វើ​ឲ្យ​សហគមន៍ទាំងមូល​រអ៊ូរទាំ​ទាស់​នឹង​លោក​ម៉ូសេ។ 38 ក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​បាន​ទៅមើល​ស្រុកនោះ មាន​តែ​លោក​យ៉ូស្វេជា​កូន​ប្រុស​របស់លោកនូន និង​លោក​កាលែប​ជា​កូន​ប្រុស​របស់លោក​យេភូនេទេដែល​នៅ​រស់។ 39 នៅពេល​ដែលលោកម៉ូសេ​បាន​ប្រាប់​ដំណឹង​នេះ​​ដល់់កូន​ចៅ​អ៊ីស្រាអែល​​ ពួក​គេទូញសោក​យ៉ាង​ខ្លាំង។ 40 ពួក​គេ​ក្រោក​ឡើង​​ពី​ព្រឹក​ព្រលឹម ហើយ​ឡើងទៅ​លើ​កំពូល​ភ្នំ ទាំង​​ពោលថា៖ «​មើល៍! ពួក​យើង​នៅទីនេះ​ យើង​​នឹង​ទៅ​កន្លែង​ដែល​ព្រះ​អម្ចាស់​បាន​សន្យា​ ដ្បិត ​ពួកយើង​បាន​ធ្វើ​បាប​មែន»។ 41 ប៉ុន្តែ ​លោក​ម៉ូសេ​បាន​មានប្រសាន៍ថា​៖ «ហេតុអ្វី​បានជាអ្នក​រាល់​បំពាន​​លើ​បញ្ជារបស់​ព្រះអម្ចាស់ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​មិនបាន​សម្រេច​ឡើយ។ 42 សូម​កុំ​ទៅ​ឡើយ ដ្បិត​ ព្រះ​អម្ចាស់មិន​គង់​ជាមួយអ្នក​រាល់គ្នា​ដើម្បី​ការ​ពារ​អ្នក​រាល់​គ្នា​ពីការ​វាយ​ប្រហារ​ពី​សត្រូវ​​របស់​អ្នក​រាល់​គ្នា​ឡើយ។ 43 ជន​ជាតិអាម៉ាឡេក និង​ជនជាតិ​កាណាន​នៅទីនោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ដោយ​សារ​​ដាវ​ ដ្បិត ​អ្នក​រាល់​គ្នា​បាន​ងា​កចេញ​ពីព្រះ​ជាម្ចាស់ហើយ។ ដូច្នេះ​ ព្រះអង្គ​នឹង​មិន​គង់​ជាមួយ​អ្នក​រាល់​គ្នា​ឡើយ»។ 44 ប៉ុន្តែ​ ពួក​គេ​នៅ​តែ​មានះ​ឡើង​ទៅ​ស្រុកភ្នំ តែ​លោក​ម៉ូសេ​ និង​ហឹប​នៃ​សម្ព័ន្ធមេត្រី​របស់​ព្រះអម្ចាស់បាន​ចាក​ចេញ​ពី​ជំរំ​ហើយ។ 45 ពេល​នោះ​ជនជាតិ​អាម៉ាឡេក​​​ និង​ជនជាតិ​កាណាន​​​ដែល​រស់​នៅ​តាម​តំបន់ភ្នំនោះបាន​ចុះមក។ ពួក​គេ​បាន​វាយ​ប្រហារ​ជនជាតិអ៊ីស្រាអែលឲ្យ​ចុះចាញ់​រហូត​ដល់ហោម៉ា។