ជំពូក ១១

1 នៅគ្រានោះ ប្រជាជននាំគ្នារអ៊ូរទាំពីទុក្ខលំបាករបស់ពួកគេ ហើយព្រះអម្ចាស់ក៏ឮ។ ព្រះអម្ចាស់បានឮពីប្រជាជន ហើយព្រះអង្គក៏មានសេចក្តីក្រោធឡើង។ ភ្លើងចេញពីព្រះអម្ចាស់មកបានឆេះនៅក្នុងចំណោមពួកគេ ហើយបានឆាប​ឆេះ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ជាយ​ជំរំ។ 2 បន្ទាប់មក ប្រជាជនបានស្រែករកលោកម៉ូសេ ដូច្នេះ លោកម៉ូសេបានអធិស្ឋានរកព្រះអម្ចាស់ ហើយភ្លើងក៏លែងឆេះ។ 3 គេបានហៅកន្លែងនោះថាតាបេ‌រ៉ា ព្រោះភ្លើងរបស់ព្រះអម្ចាស់បានឆេះនៅកណ្តាលចំណោមពួកគេ។ 4 មានជនបរទេសខ្លះបានបោះជំរំនៅជាមួយកូនចៅអ៊ីស្រាអែល។ ពួកគេចង់បានអាហារដែលប្រសើរជាង ដើម្បីហូប។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានចាប់ផ្តើមយំ ហើយនិយាយថា៖ «តើអ្នកនរណាឲ្យសាច់ដល់យើងហូប? 5 យើងនឹកចាំពីត្រីដែលយើងបានហូបនៅអេស៊ីប ផ្លែត្រសក់ ឪឡឹក និងស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម និងខ្ទឹម​ស​ដែរ។ 6 តែ​ឥឡូវ​នេះ អាហារដែលយើងចង់ហូប​លែងមានទៀតហើយ ព្រោះអ្វីដែលយើងឃើញ​គឺមាន​តែ​នំ​ម៉ាណា​នេះ​ប៉ុណ្ណោះ»។ 7 នំម៉ាណាមានរាងដូចជាគ្រាប់ល្អ។ វាមើលភ្លឺថ្លា។ ប្រជាជនដើរ ហើយប្រមូលវា។ 8 ពួកគេកិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចម្អិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ។ វា​មាន​រស‌ជាតិ​ដូច​ជា​នំ​ដែល​គេ​ដុត​ដោយ​ប្រេង​អូលីវ។ 9 នៅពេលទឹកសន្សើមធ្លាក់នៅលើជំរំនៅពេលយប់ នំម៉ានាក៏ធ្លាក់មកដែរ។ 10 លោកម៉ូសេបានឮប្រជាជនយប់នៅក្នុងគ្រួសាររបស់ពួកគេ ហើយបុរសគ្រប់រូបដែលនៅត្រង់ច្រកចូលត្រសាលរបស់ពួកគេ។ ព្រះអម្ចាស់ក្រោធជាខ្លាំង ហើយនៅក្នុងក្រសែភ្នែករបស់លោកម៉ូសេ ការរអ៊ូរទាំរបស់ពួកគេមិនត្រូវទេ។ 11 លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គអាក្រក់យ៉ាងនេះ? ហេតុអ្វីបានជាព្រះអង្គមិនគាប់ព្រះហឫទ័យនឹងទូលបង្គំដូច្នេះ? ព្រះអង្គបានធ្វើឲ្យទូលបង្គំទទួលបន្ទុកនៃប្រជាជនទាំងនេះ? 12 តើទូលបង្គំជាអ្នកបង្កើតពួកគេមែនទេ បានជាព្រះអង្គមានបន្ទូលមកទូលបង្គំ បីទ្រពួកគេនៅលើទ្រូវរបស់ទូលបង្គំ ប្រៀបដូចជាឪពុកបីទ្រកូនដូច្នេះ?» តើឲ្យទូលបង្គំបីទ្រពួកគេឲ្យទៅដល់ទឹកដីដែលព្រះអង្គបានស្បថជាមួយដូនតារបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ? 13 តើឲ្យទូលបង្គំទៅរកសាច់ពីណាមកឲ្យដល់មនុស្សទាំងអស់នេះ? ពួកគេយំនៅចំពោះទូលបង្គំ ហើយនិយាយថា៖ «សូមឲ្យសាច់មកយើងខ្ញុំហូបផង»។ 14 ទូលបង្គំទ្រាំជាមួយមនុស្សទាំងអស់នេះតែម្នាក់ឯងលែងបានហើយ។ ពួកគេជាបន្ទុករបស់ទូលបង្គំខ្លាំងពេកហើយ។ 15 ប្រសិនបើ ព្រះអង្គប្រព្រឹត្តជាមួយទូលបង្គំបែបនេះ សូមស្លាប់ទូលបង្គចុះ ប្រសិនបើព្រះអង្គមេត្តាដល់ទូលបង្គម ដូច្នេះ សូមដកយកទុក្ខលំបាកនេះចេញពីទូលបង្គំផង»។ 16 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំពួកចាស់ទុំរបស់អ៊ីស្រាអែលចិតសិបនាក់មករកយើង។ ចូរប្រាកដថា ពួកគេគឺជាចាស់ទុំ និងជាអ្នកដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកនៅត្រង់ត្រសាលប្រជុំ ដើម្បីឈរនៅទីនោះជាមួយអ្នក។ 17 យើងនឹងចុះមក ហើយនិយាយជាមួយអ្នកនៅទីនោះ។ យើងនឹងដកយកវិញ្ញាណខ្លះដែលនៅលើអ្នក ហើយវិញ្ញាណនោះនឹងនៅលើពួកគេ។ ពួកគេនឹងចែករំលែកបន្ទុករបស់ប្រជាជនពីអ្នក។ អ្នកមិនចាំបាច់ទទួលបន្ទុកតែម្នាក់ឯងទេ។ 18 ចូរប្រាប់ប្រជាជនឲ្យ «ចូរ​​ញែក​ខ្លួន​របស់អ្នករាល់គ្នាជា​បរិសុទ្ធ ​សម្រាប់​ថ្ងៃ​ស្អែក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ហូបសាច់ ដ្បិត​ អ្នក​រាល់​គ្នា​បាន​យំ​ ហើយយើងជា​ព្រះអម្ចាស់​បានឮ។ អ្នករាល់គ្នានិយាយថា៖ «តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​ហួប? ដ្បិត ​ពួក​យើង​នៅ​ស្រុក​អេស៊ីប នោះ​ប្រសើរ​ជាង»។ ដូច្នេះ ព្រះអម្ចាស់​នឹង​ប្រទាន​សាច់​មក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគវា។ 19 អ្នកមិនគ្រាន់តែហូបសាច់តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃឡើយ 20 ប៉ុន្តែ អ្នករាល់គ្នានឹងហូបសាច់ពេញមួយខែ រហូតទាល់តែសាច់នោះឡើងដល់ច្រមុះរបស់អ្នករាល់គ្នា។ វានឹងធ្វើឲ្យអ្នករាល់គ្នាធុញទ្រាន់ ដោយសារអ្នករាល់គ្នាបដិសេធព្រះអម្ចាស់ ដែលនៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំនៅចំពោះព្រះអង្គ។ អ្នករាល់គ្នានិយាយថា៖ «ហេតុអ្វីបានជាយើងចាកចេញពីអេស៊ីប?»។ 21 បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ថា៖ «មានមនុស្សនៅជាមួយទូលបង្គំចំនួនប្រាំមួយសែននាក់ ហើយអ្នករាល់គ្នានិយាយថា៖ «យើងនឹងឲ្យសាច់ដល់ពួកគេហូប ពេញមួយខែ»។ 22 តើគួរឲ្យយើងសម្លាប់ហ្វូងចៀម និងហ្វូងសត្វ ដើម្បីចម្អែតពួកគេមែនទេ? តើយើងគួរចាប់ត្រីនៅក្នុងសមុទ្រដើម្បីចម្អែតពួកគេមែនទេ?» 23 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «តើព្រះហស្តរបស់យើងខ្លីមែនទេ? ឥឡូវនេះ អ្នករាល់គ្នានឹងឃើញ ថាតើពាក្យរបស់យើងពិតឬមិនពិត»។ 24 លោកម៉ូសេបានចាកចេញ ហើយបាននាំយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ គាត់បានប្រមូលពួកចាស់ទុំរបស់ប្រជាជនចំនួនចិតសិបនាក់ ហើយដាក់ឲ្យឈរនៅជុំវិគញព្រះពន្លា។ 25 ព្រះអម្ចាស់បានយាងចុះមកនៅលើពពក ហើយមានបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអម្ចាស់បានយកវិញ្ញាណខ្លះដែលនៅលើលោកម៉ូសេ ហើយបានដាក់វិញ្ញាណនោះនៅលើពួកចាស់ទុំទាំងចិតសិបនាក់។ នៅពេលព្រះវិញ្ញាណសណ្ឋិតលើពួកគេ ពួកគេបានថ្លែងទំនាយ ប៉ុន្តែ សម្រាប់តែឱកាសនោះតែប៉ុណ្ណោះ គ្មានម្តងទៀតទេ។ 26 មានបុរសពីរនាក់ស្ថិតនៅក្នុងជំរំ ឈ្មោះលោក​អែល‌ដាដ និង​ម្នាក់​ទៀត​ឈ្មោះ​លោកមីដាដ។ ព្រះវិញ្ញាណបានសណ្ឋិតលើពួកគេ។ ​ឈ្មោះរបស់ពួកគេបានសរសេរនៅ​ក្នុង​បញ្ជី​ ប៉ុន្តែ ពុំ​បាន​ទៅ​ពន្លា​​ទេ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ។ 27 មានយុវជនម្នាក់នៅក្នុងជំរំបានរត់ ហើយប្រាប់លោកម៉ូសេថា៖ ​«លោក​អែល‌ដាដ និងលោកលោកមីដាដកំពុងថ្លែងទំនាយនៅក្នុងជំរំ»។ 28 លោកយ៉ូសេ្វ កូនប្រុសរបស់លោកនុន ជាអ្នកជំនួយលោកម៉ូសេ ជាម្នាក់នៃបុរសដែលបានជ្រើសរើសប្រាប់លោកម៉ូសេថា៖ «លោក​ម្ចាស់របស់ខ្ញុំអើយ សូម​ឃាត់ពួកគេផង!»។ 29 លោកម៉ូសេមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកច្រណែនជំនួសខ្ញុំមែនទេ? ខ្ញុំប្រាថ្នាចង់ឲ្យប្រជារាស្រ្តរបស់ព្រះអម្ចាស់ទាំងអស់ជាព្យាការី ហើយព្រះអង្គអាចដាក់វិញ្ញាណរបស់ព្រះអង្គលើពួកគេគ្រប់គ្នា»។ 30 បន្ទាប់មក លោកម៉ូសេ ហើយពួកចាស់ទុំរបស់អ៊ីស្រាអែលបានត្រឡប់ទៅជំរំវិញ។ 31 បន្ទាប់មក ខ្យល់បានបក់ពីព្រះអម្ចាស់មក ហើយបាននាំសត្វក្រួចពីសមុទ្រមក។ សត្វក្រួចទាំងនោះបានហើរមកជិតជំរំ ចម្ងាយប្រហែលធ្វើដំណើរមួយថ្ងៃនៅខាងនេះ និងមួយថ្ងៃនៅខាងនោះ។ សត្វក្រួចនៅជុំវិញជំរំកម្ពស់ប្រហែលពីរហត្ថពីដី។ 32 ប្រជាជនរវល់នឹងចាប់សត្វក្រួចពេញមួយថ្ងៃ និងមួយយប់នោះ ហើយពេញមួយថ្ងៃបន្ទាប់។ គ្មាននរណាម្នាក់ប្រមូលបានតិចជាដប់បាវនៃសត្វក្រួចឡើយ។ ពួក​គេ​ហាល​សាច់​សត្វ​ក្រួច​ទាំង​នោះ ​ទុក​សម្រាប់​ខ្លួន​គេ​នៅ​ជុំ‌វិញ​ជំរំ។ 33 នៅពេលសាច់នៅក្នុងមាត់របស់ពួកគេ កំឡុងពេលដែលពួកគេកំពុងទំពារនៅនឹងមាត់របស់ពួកគេ ព្រះអម្ចាស់មានសេចក្តីក្រោធជាមួយពួកគេ។ ព្រះអង្គបានប្រហារប្រជាជនជាមួយនឹងគ្រោះកាច​មួយ​យ៉ាង​ធំ។ 34 គេហៅឈ្មោះកន្លែងនោះថាគីប្រូត-‌ហាតាវ៉ា ព្រោះនៅទីនោះ ពួកគេបានបញ្ចុះសពប្រជាជនដែល​មាន​ចិត្ត​លោភ​លន់។ 35 ប្រជាជនបានធ្វើដំណើរពីគីប្រូត-‌ហាតាវ៉ាទៅហាសិរ៉ូត ហើយ​ពួកគេក៏ស្នាក់នៅទីនោះ។