ជំពូក ៤០
1
«ស្កប់ចិត្ត ស្កប់ចិត្តចុះ ប្រជារាស្តរបស់យើងអើយ» ព្រះបន្ទូលនៃព្រះជាម្ចាស់របស់អ្នក។
2
«សូមថ្លែងជាពាក្យស្នើរដល់ក្រុងយេរូសាឡិម ហើយប្រកាសទៅកាន់ប្រជាជនទាំងអស់ថាចំបាំង បានត្រូវបញ្ចាប់ហើយ អំពើទុច្ចរិត គឺគេនឹងត្រូវទទួលទោស ហើយមនុស្សទាំងនោះនឹងទទួលពីរដង ពីព្រះហស្តនៃព្រះអម្ចាស់ សម្រាប់អំពើបាបរបស់ពួកគេ»។
3
សម្រែកយំសោកឮឡើង «នៅទីរហោស្ថាន ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះជាម្ចាស់នៃយើង»។
4
គ្រប់ទាំងច្រកភ្នំទាំងឡាយត្រូវលើកឡើង ហើយ ពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ
5
ហើយ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះផ្ទាល់។
6
មានសំឡេងមួយប្រាប់ថា៖ «ចូរស្រែកយំចុះ» សំឡេងមួយទៀតតបថា៖ «តើឲ្យខ្ញុំស្រែកយំពីអ្វី?» «មនុស្សលោកប្រៀបដូចជាស្មៅ ចំណែកអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។
7
នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ មនុស្សលោកនេះប្រៀបបាននឹងស្មៅដែរ។
8
ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
9
ចូរឡើងទៅលើភ្នំខ្ពស់ ស៊ីយ៉ូនមានអ្នកនាំសារនៃដំណឹងល្អ។ យេរូសាឡឹម ចូរស្រែកឲ្យបានខ្លាំងឡើង។ អ្នកគឺជាអ្នកនាំដំណឹងល្អ សូមលើកសម្លេងឡើងកុំខ្លាចឡើយ។ ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅក្នុងយូដាថា៖ «ព្រះជាម្ចាស់របស់អ្នករាល់គ្នា!»
10
មើល៍! ព្រះជាអម្ចាស់យាងមក ប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។ មើល៍! រង្វាន់របស់ព្រះជាម្ចាស់គឺនៅជាមួយព្រះអង្គ ហើយអស់អ្នកដែលព្រះអង្គបានលោះ គឺនៅខាងមុខព្រះអង្គ។
11
ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយព្រះអង្គថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
12
តើមានអ្នកណាអាចក្បង់ទឹកនៅក្នុងដៃ យកមកវាល់បាន ហើយយកបាតដៃវាស់ទំហំនៃផ្ទៃមេឃបានទៅ តើអ្នកណាអាចយកល្អីមកវាល់ធូលីនៃផែនដីទាំងមូលនេះបាន ហើយតើមានអ្នកណាអាចថ្លឹងទម្ងន់ភ្នំ និងជ្រលោងភ្នំទាំងអស់នោះបាន?
13
តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់ តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ?
14
តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីថ្វាយយោបល់ព្រះអង្គ? តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញា ហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ា នៃព្រះប្រាជ្ញាញាណ?
15
មើល៍! ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេដូចធូលីដីនៅលើជញ្ជីង។ ចំណែកកោះតូចៗប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។
16
ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម សម្រាប់ធ្វើជាអុស ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន ល្មម សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។
17
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ ហើយគ្មានប្រយោជន៍។
18
តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?
19
ព្រះក្លែងក្លាយ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។
20
ដើម្បីជ្រើសរើសយកឈើខ្លឹម ហើយគេក៏ស្វែងរកជាងមួយរូបដ៏ចំណាន ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។
21
តើអ្នករាល់គ្នាមិនដឹងទេឬ? តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ? តើអ្នកមិនធ្លាប់មាននរណាប្រាប់ តាំងពីដើមដំបូងមកទេឬ? តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់ ផែនដីនេះទេឬ?
22
ព្រះអង្គដែលគង់នៅពីលើលំហអាកាស ទ្រង់ទតមើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់ ដូចដំឡើងព្រះពន្លា។
23
ព្រះអង្គបានធ្វើឲ្យមេដឹកនាំទាំងឡាយ ទៅជាឥតប្រយោជន៍ ព្រះអង្គធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាន នៅលើផែនដីទៅជាឥតបានការ។
24
ពួកគេប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។
25
«តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា តើនរណាអាចស្មើនឹងយើងបាន?» ព្រះបន្ទូលនៃព្រះដ៏វិសុទ្ធ។
26
ចូរងើយទៅលើមេឃចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នា ហើយព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
27
ហេតុអ្វីបានជាអ្នករាល់គ្នានិយាយថា កូនចៅរបស់លោកយ៉ាកុប អុីស្រាអែលអើយ «ផ្លូវរបស់ទូលបង្គំបានលាក់ពីព្រះអម្ចាស់ ហើយទ្រង់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ?»
28
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចយល់បានដែរ។
29
ព្រះអង្គប្រទានកម្លាំង ដល់អ្នកដែលនឿយហត់ និងខ្សោយល្វើយឲ្យមានកម្លាំងឡើងវិញ។
30
ទោះបីក្មេងជំទង់ក៏នឹងអស់កម្លាំងនិងភ័យព្រួយ ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ
31
ប៉ុន្តែអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។