ជំពូក ៣៨

1 នៅប៉ុន្មានថ្ងៃនោះព្រះបាទ ហេសេគាប្រឈួនជាទម្ងន់ ហៀប នឹងសុគត។ ដូច្នេះអេសាយជាកូនអ័ម៉ូសក៏មកគាល់ព្រះអង្គទាំង ទូលថា «ព្រះអម្ចាស់បានមានបន្ទូលថា សូមព្រះករុណារៀបចំផ្តែផ្តាំព្រះរាជវង្សានុវង្សព្រះអង្គឲ្យហើយទៅ ត្បិតព្រះអង្គជិតសោយទិវង្គត់ហើយ»។ 2 រួចមកព្រះបាទហេសេគា ក៏បែរព្រះភ័ក្រទៅជញ្ជាំងទាំងអធិស្ឋានទៅព្រះអម្ចាស់ថា 3 ស្តេចទូលថា «ព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលដើរតាមព្រះអង្គដោយអស់ពីចិត្ត និងទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលគាប់ព្រះហឬទ័យព្រះអង្គ»។ ព្រះបាទហេសេគាបង្ហូរ នេត្រាយ៉ាងខ្លាំង។ 4 រួចព្រះអម្ចាស់មានបន្ទូលទៅកាន់អេសាយថា 5 «ចូរចេញទៅទូលព្រះបាទហេសេគា ជាអ្នកដឹកនាំប្រជារាស្រ្តយើងថា​ ព្រះអម្ចាស់ជាព្រះរបស់ដាវីឌជាបុព្វបុរសរបស់ព្រះករុណា ទ្រង់មានបន្ទូលដូចតទៅ យើងបានឮពាក្យអធិស្ឋានទូលអង្វររបស់អ្នក យើងបានឃើញអ្នកសម្រក់ទឹកភ្នែកចំពោះយើង។ មើល យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ 6 យើងនឹងរំដោះទីក្រុងនេះពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី ហើយយើងនឹងការពារក្រុងនេះ។ 7 នេះជាទីសម្គាល់មកពីព្រះអម្ចាស់ដល់ព្រះករុណាថា ព្រះអង្គមុខជានឹងសម្រេចចំពោះព្រះបន្ទូលដែលព្រះអង្គសន្យា។ 8 មើល៍! យើងនឹងធ្វើឱ្យស្រមោលថ្ងៃដែលជះលើរង្វាស់ម៉ោងពេលរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ»។ ដូច្នេះស្រមោលនោះក៏ជ្រេថយក្រោយដប់ដងមែន។ 9 នេះគឺជាពាក្យដែលព្រះបាទហេសេគាជាស្តេចស្រុកយូដាបានសរសេរនៅពេលដែលព្រះអង្គប្រឈួន ហើយបានជាឡើងវិញ។ 10 «ខ្ញុំបានពោលថា ពាក់កណ្តាលនៃជីវិតខ្ញុំ ហើយខ្ញុំត្រូវទៅតាមច្រកទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ខ្ញុំនឹងបន្តរស់នៅទីនោះសម្រាប់ឆ្នាំទៅមុខទៀត។ 11 ខ្ញុំពោលថា ខ្ញុំនឹងលែងបានជួបព្រះអម្ចាស់នៅក្នុងពិភពលោកនេះទៀតហើយ ខ្ញុំនឹងលែងបានឃើញមនុស្សលោកនៅផែនដីនេះទៀតហើយ។ 12 ជីវិតរបស់ខ្ញុំត្រូវបានដកចេញហើយឃ្លាតទៅឆ្ងាយពីខ្ញុំ ដូចអ្នកគង្វាលរើជំរុំគេដែរ ខ្ញុំបានរមូរជីវិតខ្ញុំដូចជាអ្នកត្បាញ ព្រះអង្គបានកាត់ខ្ញុំចេញពីតំបាញ តាំងពីថ្ងៃដល់យប់ ព្រះអង្គក៏បានបញ្ចប់ជីវិតខ្ញុំ។ 13 ខ្ញុំបានស្រែកអង្វរទល់ភ្លឺដូចជាសឹង្ហ ព្រះអង្គបំបាក់ឆ្អឹងរបស់ខ្ញុំទាំងប៉ុន្មាន។ តាំងពីថ្ងៃដល់យប់ព្រះអង្គនឹងបញ្ចប់ជីវិតរបស់ខ្ញុំ។ 14 ខ្ញុំស្រែកយំដូចត្រចៀកកាំ ស្រែកថ្ងូរដូចសត្វព្រាប ភ្នែកខ្ញុំក៏ស្រវាំង ហើយងើយមើលទៅលើ។ ព្រះអម្ចាស់ទូលបង្គំត្រូវគេសង្កត់សង្គិន សូមជួយទូលបង្គំផង។ 15 តើទូលបង្គំគួរថ្លែងពីអ្វី? ព្រះអង្គបានធ្វើឲ្យការនេះសម្រេចឡើង ទូលបង្គំដើរមួយៗអស់មួយជីវិតទូលបង្គំ ដោយព្រោះក្តីសោកសង្រេងរបស់ទូលបង្គំ។ 16 ព្រះអម្ចាស់អើយ ការឈឺចាប់ដែលព្រះអង្គបានប្រទានដល់ទូលបង្គំគឺល្អ ជីវិតរបស់ទូលត្រូវបានប្រទានដល់ទូលបង្គំវិញ ព្រះអង្គបានជួយនិងប្រោសជីវិតទូលបង្គំបានជា។ 17 ការសោកសង្រេងបានធ្វើឲ្យទូលបង្គំមានបទពិសោធ។ ព្រះអង្គបានសង្គ្រោះទូលបង្គំ ពីរណ្តៅមច្ចុរាជ ត្បិតព្រះអង្គបានលើកលែងអំពើបាបរបស់ទូលបង្គំទាំងអស់នៅពីក្រោយទ្រង់។ 18 ត្បិត ស្ថានឃុំមនុស្សស្លាប់មិនបានអរគុណទ្រង់ទេ សេចក្តីស្លាប់មិនបានសសើរព្រះអង្គដែរ ហើយអ្នកដែលចុះទៅក្នុងរណ្តៅនោះ មិនមានសង្ឃឹម លើសេចក្តីស្មោះត្រង់របស់ព្រះអង្គដែរ។ 19 មនុស្សមានជីវិតរស់ មនុស្សដែលមានជីវិត ដែលជាអ្នកអរព្រះគុណព្រះអង្គ ដូចដែលទូលបង្គំបានធ្វើថ្ងៃនេះ ឪពុកនឹងបរិយាយឱ្យកូនៗបានស្គាល់ពីភាពស្មោះត្រង់ររបស់ព្រះអង្គ។ 20 ព្រះអម្ចាស់គឺនឹងជួយសង្គ្រោះទូលបង្គំ ហើយយើងខ្ញុំនឹងអរសប្បាយដោយប្រគុំតន្រ្តីនៅក្នុងដំណាក់របស់ព្រះអម្ចាស់ពេញមួយជីវិតយើងខ្ញុំ»។ 21 ពេលនេះលោកអេសាយបានពោលថា «ចូរយកចំនិតផ្លែឧទុម្ពមកលាបលើបូសព្រះករុណា នោះស្តេចនឹងបានជាសះស្បើយ»។ 22 ព្រះបាទហេសេគាក៏មានបន្ទូលថា «តើនឹងមានទីសម្គាល់អ្វីដើម្បីឲ្យយើងបានដឹងថា​ យើងអាចឡើងទៅឯដំណាក់ព្រះអម្ចាស់បាន?»