ជំពូក ៣៤

1 ប្រជាជាតិទាំងឡាយអើយ ចូរចូលមកជិតហើយប្រុងស្តាប់ ផែនដី និង សពសារពើលើផែនដីចូរស្តាប់ ពិភពលោក និងអ្វីៗដែលមាននៅលើពិភពលោកនេះផង។ 2 ត្បិតព្រះអម្ចាស់មានព្រះទ័យខ្ញាល់នឹងប្រជាជាតិទាំងអស់ ហើយព្រះអង្គមានព្រះទ័យពិរោធចំពោះកងទ័ពរបស់គេទាំងប៉ុន្មាន ព្រះអង្គបានបំផ្លាញគេទាំងស្រុង ព្រះអង្គបានបញ្ជូនគេទៅឱ្យខ្មាំងសម្លាប់គ្មានសល់។ 3 សាកសពរបស់គេត្រូវគេបោះចោល។ ហើយមានក្លិនអាសោចគ្រប់ទីកន្លែង ហើយឈាមរបស់គេហូរស្រោចពាសពេញភ្នំ។ 4 ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយបាត់អស់ទៅ ហើយមេឃនឹងត្រូវរមៀលរមូរចុះឡើង ហើយគ្រប់ទាំងផ្កាយនៅលើមេឃនឹងរុះរោយដូចជាស្លឹកទំពាំងបាយជូរដែលជ្រុះពីមែក ហើយដូចស្លឹកដែលជ្រុះចេញពីដើមល្វាដែរ។ 5 ត្បិតពេលដែលដាវរបស់យើងបានគ្រវីនៅលើមេឃ មើលវានឹងធ្លាក់លើស្រុកអេដុម ហើយលើមនុស្សដែលយើងបានញែកគេចេញដើម្បីដាក់បណ្តាសារធ្វើទោសគេ។ 6 ដាវរបស់ព្រះអម្ចាស់នឹងដាបដោយឈាម ហើយប្រឡាក់ដោយខ្លាញ់ គឺប្រឡាក់ដោយឈាមកូនចៀម និងពពែ និងប្រឡាក់ដោយខ្លាញ់ជាប់នឹងក្រលៀនសត្វចៀមឈ្មោល។ ត្បិតព្រះអម្ចាស់បានធ្វើយញ្ញបូជានៅក្រុងបូសរ៉ា និងមានការសម្លាប់នៅក្នុងក្រុងអេដុម។ 7 គោព្រៃ ហើយគោស្ទាវ ទាំងគោចាស់នឹងដួលជាមួយគ្នា។ ស្រុកគេនឹងប្រឡាក់ពេញទៅដោយឈាមដាប ហើយធូលីដីប្រឡាក់ដោយខ្លាញ់។ 8 ត្បិតនៅថ្ងៃនោះព្រះអម្ចាស់នឹងសងសឹក ហើយក៏មានឆ្នាំដែលនឹងសងសឹកចំពោះខ្មាំងសត្រូវជំនួសឲ្យក្រុងស៊ីយ៉ូន។ 9 ទឹកជ្រោះនៅក្រុងអេដុមនឹងត្រឡប់ទៅជាធ្យូងថ្ម ធូលីនឹងក្លាយជាស្ពាន់ធ័រ ហើយស្រុកគេក្លាយជាធ្យូងដែលកំពុងតែឆេះ។ 10 វានឹងឆេះទាំងយប់ទាំងថ្ងៃ ហើយមានផ្សែងហុយជានិច្ច ពីជំនាន់មួយទៅជំនាន់មួយនឹងវិនាស គ្មាននរណាដើរកាត់ជារៀងរហូត។ 11 សត្វទុក និង សត្វកាំប្រមានឹងរស់នៅទីនោះ ហើយសត្វទីទុយ និង ក្អែកនឹងធ្វើសម្បុកនៅទីនោះដែរ។ ព្រះអង្គនឹងលាតខ្សែវាស់នៅស្រុកនោះឲ្យខូចខ្ចេច ហើយបំផ្លាញខ្សែប្រយោលឱ្យសូន្យបង់។ 12 គេនឹងហៅពួកខ្ពង់ខ្ពស់ឲ្យមកគ្រងរាជ្យតែគ្មាននណារម្នាក់មកទេ។ 13 បន្លានឹងដុះនៅក្នុងរាជវាំង ហើយអញ្ជាញ និងដើមដំបងយក្សនឹងដុះនៅក្នុងបន្ទាយគេ។ វានឹងក្លាយជាទីជម្រករបស់សត្វឆ្កែព្រៃ ហើយជារោងរបស់សត្វអូទ្រុស។ 14 អស់ទាំងសត្វព្រៃនឹងប្រជុំគ្នានៅទីនោះ ហើយពពែព្រៃនឹងមកជុំគ្នា។ បក្សីរាត្រីនឹងមកតាំងទីលំនៅទីនោះ។ 15 ទីទុយនឹងធ្វើសម្បុកព្រមទាំងទម្លាក់ពង និងញាស់រួចការពារកូនវា។ ដូចជា សត្វស្ទាំងក៏នឹងមកទាំងគូរហើយជុំគ្នា ក៏ជាមិត្តនិងគ្នា​ ។ 16 ចូរស្វែងរកព្រះគម្ពីររបស់ព្រះអម្ចាស់ មិនត្រូវឱ្យសត្វមួយណាខានបានឡើយ ត្បិតព្រះឱស្ឋរបស់ព្រះអង្គមានបង្គាប់មក ហើយព្រះវិញ្ញាណទ្រង់ក៏ប្រមូលគេមកដែរ។ 17 ព្រះអង្គបានជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ព្រះហស្ថទ្រង់បានវាស់ចែកទឹកដីឱ្យពួកវា។ ពួកវានឹងធ្វើជាម្ចាស់នៅទីនោះ និងរស់នៅទីនោះគ្រប់តំណជារៀងដរាបទៅ។