ជំពូក ១៧
1
សេចក្ដីប្រកាសស្ដីអំពីក្រុងដាម៉ាស។
2
ទីក្រុងផ្សេងៗនៃអារ៉ូអ៊ើរត្រូវបានបោះបង់។ ពួកគេនឹងហ្វូងសត្វនាំទៅជ្រកកោន នៅទីនោះ គ្មានអ្នកណាខ្លាចពួកគេទៀតឡើយ។
3
បន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ ព្រមទាំងនរគពីក្រុងដាម៉ាស ហើយជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវអាប់ឱនដូចជនជាតិអុីស្រាអែលដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
4
នៅវេលាថ្ងៃនោះ សិរីរុងរឿងរបស់លោកយ៉ាកុបនឹងប្រែទៅជាអន់ថយ ហើយសាច់ធាត់ធំរបស់គេ នឹងត្រឡប់ជាស្គមស្គាំងទៅវិញ។
5
ស្រុកអុីស្រាអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួចគ្មានអ្វីនៅសល់សោះ។ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
6
នឹងមានផលខ្លះសល់នៅដែរប្រៀបបាននឹង ដើមអូលីវដែលគេទើបនឹងបេះផ្លែរួចនៅខាងចុងមានសល់ពីរបីផ្លែហើយតាមមែកមានសល់បួនប្រាំផ្លែ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអុីស្រាអែល។
7
នៅគ្រានោះ មនុស្សទាំងពួងនឹងបែរទៅរកព្រះដែលបានបង្កើតខ្លួន ហើយភ្នែករបស់គេនឹងមើលចំទៅព្រះដ៏បរិសុទ្ធនៃសាសន៍អុីស្រាអែល។
8
ពួកគេនឹងមិនមើលទៅអាសនៈដែលជាស្នាដៃបស់ពួកគេហើយពួកគេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលបានសង់ឡើងដោយដៃរបស់គេនោះដែរ។
9
នៅថ្ងៃនោះទីក្រុងដ៏រឹងមាំរបស់ពួកគេនឹងប្រៀបដូចជាជម្រាលភ្នំដែលត្រូវគេបោះបង់ចោលហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអុីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង។
10
ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយអ្នកបានព្រងើយកន្តើយនឹងព្រះដែលជាថ្មដានៃកម្លាំងរបស់អ្នក។ ដូច្នេះ អ្នកដាំដំណាំដែលគាប់ចិត្តអ្នក ព្រមទាំងផ្សាំមែកប្លែកៗផង
11
នៅថ្ងៃដែលអ្នកដាំដំណាំ អ្នកបានធ្វើឲ្យដំណាំនោះដុះឡើង មិនយូរប៉ុន្មានពូជដែលអ្នកបានសាបព្រោះនឹងដុះឡើង។ ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះផ្ទុយទៅវិញ មានតែការឈឺចាប់ គ្មានអ្វីព្យាបាលឲ្យជាបានទេ។
12
វេទនាហើយ! ការបះបោររបស់ប្រជាជនជាច្រើនមានសន្ឋឹកដូចជាស្នូរគ្រហឹមនៃមហាសាគរនិងសូររបស់សាសន៍ផ្សេងៗដែលបក់បោកដូចរលកយក្សដ៍ធំនៃមហាសមុទ្រ!
13
ប្រជាជាតិនានានឹងស្រែកហ៊ោកញ្ជ្រោលដូចរលកសមុទ្រ បក់បោកយ៉ាងខ្លាំងប៉ុន្តែព្រះជាម្ចាស់នឹងស្តីបន្ទោសពួកគេ នោះគេនឹងរត់ទៅឆ្ងាយហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។
14
នៅពេលល្ងាចសូមមើល! មុនពេលព្រឹកពួកគេនឹងត្រូវបាត់! មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់ និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។