ជំពូក ១៥
1
សេចក្ដីប្រកាសស្ដីអំពីស្រុកម៉ូអាប់។ ជាការពិត ក្រុងអើរ ម៉ូអាប់មុខជាត្រូវហិនហោច និងវិនាសសូន្យក្នុងពេលតែមួយយប់ទេ ហើយដោយព្រោះនៅក្នុងយប់មួយ ក្រុងគាររបស់ស្រុកម៉ូអាប់ត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅដែរ។
2
ពួកគេបាននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា។ គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ។
3
នៅតាមផ្លូវពួកគេស្លៀកបាវ កាន់ទុក្ខ នៅលើដំបូលផ្ទះរបស់ពួកគេ និងនៅតាមទីធ្លាមនុស្សគ្រប់គ្នាយំសោកដោយទឹកភ្នែក។
4
នៅក្រុងហេសបូន និងអេឡាលេ ប្រជាជនស្រែកយំលាន់ឮ សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពលទាហានម៉ូអាប់ស្រែករកជំនួយ ពួកគេញាប់ញ័រនៅក្នុងខ្លួនគេ។
5
ដូងចិត្តខ្ញុំបានអាណិតស្រុកម៉ូអាប់ ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ ក្រុងអេក្លាត សេលីស្យ៉ា។ ពួកគេដើរទៅយំតាមផ្លូវ ឡើងទៅក្រុងលូគិត គេស្រែកប្រកាសពីការបំផ្លាញតាមផ្លូវទៅក្រុងហូរ៉ូណែម
6
ទឹកដែលនៅនីមរីមបានរីងហើយ ស្មៅនឹងក្រៀមស្វិតហើយស្មៅដែលលាស់ខ្ចីនឹងរួញទៅវិញ អត់មានអ្វីខៀវខ្ចីឡើយ។
7
ដោយសារការនេះ គេនឹងប្រមូលរបស់ទ្រព្យដែលគេមាន ទុកនៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។
8
សម្រែករបស់ប្រជាជនលាន់ឮជុំវិញព្រំដែនស្រុកម៉ូអាប់ទាំងមូល សូរទ្រហោយំក៏បានឮទៅដល់ក្រុងអេកឡែម សូរទ្រហោយំនោះ បានឮរហូតដល់ក្រុងបៀរ អេលីម។
9
ដ្បិតទឹកអូរដែលហូរកាត់ភូមិឌីម៉ូនមានសុទ្ធតែឈាម ហើយយើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ភូមិឌីម៉ូននេះថែមទៀត គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់ ដែលនៅសល់លើទឹកដីរបស់គេ។